ផ្តើមពីតំបន់តាំងទីលំនៅថ្មីមួយដែលមានការជួបលំបាកខ្លាំង ជីវភាពបងប្អូនប្រជាជនភាគច្រើនពឹងផ្អែកលើការឈ្នួលតាមរដូវ មកទល់ពេលនេះ តំបន់តាំងទីលំនៅថ្មី Lung Ranh ភូមិលេខ ១ ឃុំ Khánh Lâm បានផ្លាស់ប្ដូរមុខមាត់ថ្មី។ អាស្រ័យដោយមានការយកចិត្តទុកដាក់របស់រដ្ឋ រួមនឹងការខិតខំប្រឹងប្រែងឈានឡើងរបស់ប្រជាជន និងបងប្អូនជនរួមជាតិនៅទីនេះ ជីវភាពសេដ្ឋកិច្ចកាន់តែមានការអភិវឌ្ឍស្ថេរភាព។
ប្រជាជនតំបន់តាំងទីលំនៅថ្មី Lung Ranh រក្សាសកម្មភាពលក់ដូរតូចតាច រួមចំណែកបង្កើនប្រាក់ចំណូលគ្រួសារ។
លោក Trương Hoàng Minh រស់នៅតំបន់តាំងទីលំនៅថ្មី Lung Ranh បានរំលឹកឡើងវិញនូវគ្រាដំបូងដែលមកផ្តើមអាជីពនៅទីនេះថា៖ “កាលពីមុន ប្រជាជនភាគច្រើនជួបលំបាកខ្លាំងអំពីផ្ទះនៅ និងគ្មានការងារធ្វើនឹងនរ។ អាស្រ័យទទួលបានការយកចិត្តទុកដាក់របស់រដ្ឋ លំនៅឋានរបស់បងប្អូនប្រជាជនក៏បានសាងសង់យ៉ាងល្អសមរម្យ ជីវភាពបងប្អូនក៏កាន់តែមានស្ថេរភាពជាងមុនផងដែរ”។
មិនត្រឹមតែឧបត្ថម្ភផ្ទះប៉ុណ្ណោះទេ រដ្ឋអំណាចភូមិភាគថែមទាំងបានបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនប្រជាជនអភិវឌ្ឍមុខរបរចិញ្ចឹមជីវិតតាមទម្រង់ចិញ្ចឹមសត្វទៀតផង។
“គ្រួសារខ្ញុំពីមុនក្រលំបាកខ្លាំងណាស់ គ្មានដីផលិត។ អាស្រ័យដោយបានឧបត្ថម្ភពូជសត្វចិញ្ចឹម ខ្ញុំក៏បានឆ្លៀតយកផ្ទៃដីទំនេរខាងក្រោយផ្ទះសម្រាប់ចិញ្ចឹមមាន់ ទា ដាំបន្លែបន្ថែម ដើម្បីរកចំណូលបន្ថែម។ ប្រពន្ធខ្ញុំលក់ដូរកំប៊ិចកំប៉ុកនៅមុខផ្ទះ។ ជីវភាពពេលនេះគ្រប់ហូបគ្រប់ចាយមានស្ថេរភាពជាងមុន” លោក Minh ចែករំលែកបែបនេះ។
តាមលោកស្រី Lê Thị Chem ប្រធានភូមិលេខ ១ បានឱ្យដឹងថា៖ ទូទាំងភូមិនាពេលបច្ចុប្បន្នមាន ៨២ គ្រួសារជនរួមជាតិដែលមកពីបណ្តាឃុំ៖ Khánh Tiến, Khánh Lâm, Khánh Hoà (ចាស់)។ ប៉ុន្មានឆ្នាំកន្លងមកនេះ រដ្ឋបានវិនិយោគទម្រង់ឧបត្ថម្ភមុខរបរជាច្រើន ដូចជាចិញ្ចឹមជ្រូក មាន់ ទា ជូនគ្រួសារក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ព្រមទាំងគ្រួសារដែលជួបលំបាក។ ឧបត្ថម្ភបុលដើមទុនសម្រាប់បងប្អូនជនជាតិភាគតិច ដើម្បីទិញឧបករណ៍ដេរមងនេសាទ បម្រើការរុករកផលផលសមុទ្រ។
“អាស្រ័យទទួលបានដើមទុន និងទម្រង់មុខរបរសមស្រប បងប្អូនមានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ចនៅនឹងកន្លែង ស្ថានភាពចោលផ្ទះទៅរកស៊ីស្រុកឆ្ងាយក៏មានការថយចុះគួរឱ្យកត់សម្គាល់ បើប្រៀបនឹងមុននេះ” លោកស្រី Chem ឱ្យដឹងដូច្នេះ។
មានគ្រួសារមិនតិចនោះទេ ដែលបានឆ្លៀតយកផ្ទៃដីទំនេរជុំវិញផ្ទះដើម្បីជីកស្រះចិញ្ចឹមត្រី គួបផ្សំនឹងចិញ្ចឹមសត្វ ដាំបន្លែបង្ការរយៈពេលខ្លីជាដើម។ ទម្រង់តូចតាចតែមានប្រសិទ្ធភាពគួរឱ្យកត់សម្គាល់ បានរួមចំណែកលើកកម្ពស់ប្រភពប្រាក់ចំណូល កែលម្អជីវភាពបងប្អូនជនរួមជាតិ នៅតំបន់តាំងទីលំនៅថ្មី។
ទម្រង់ចិញ្ចឹមមាន់ ទា របស់គ្រួសារលោក Trương Hoàng Minh បានជួយកែលម្អជីវភាពកាន់តែប្រសើរឡើងផងដែរ។
លោក Nguyễn Kiến Chúc អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Khánh Lâm បានឱ្យដឹងថា៖ “បច្ចុប្បន្ន លើភូមិសាស្ត្រឃុំ នៅមានគ្រួសារជនរួមជាតិមួយចំនួនមានស្ថានភាពលំបាក ដោយគ្មានការងារធ្វើនឹងនរ។ ខាងមុខភូមិភាគនឹងបន្តបង្កគ្រប់លក្ខណៈងាយស្រួលបំផុតដើម្បីបងប្អូនប្រជាជនទទួលបានគោលនយោបាយអាទិភាព ទន្ទឹមនឹងនោះ អំពាវនាវអាជីវកម្មវិនិយោគចូលក្នុងភូមិសាស្ត្រ ដើម្បីបង្កើតការងារធ្វើស្ថេរភាព”។
ផ្តើមពីផ្ទះថ្មីដ៏ធំទូលាយស្អាត ទម្រង់ចិញ្ចឹមសត្វតូចតាចតែមានប្រសិទ្ធភាព រហូតដល់ស្មារតីឧស្សាហ៍ពលកម្មផលិត ជំនះការលំបាករបស់បងប្អូនជនរួមជាតិ ផ្ទាំងគំនូរសេដ្ឋកិច្ច - សង្គមនៅតំបន់តាំងទីលំនៅថ្មី Lung Ranh កាន់តែមានភាពរីកចម្រើនឡើង។ ទោះបីខាងមុខនៅមានការប្រឈមជាច្រើនក្តី ប៉ុន្តែដោយមូលដ្ឋានគ្រឹះដែលបានកសាង ប្រជាជននៅទីនេះមានជំនឿចិត្តយ៉ាងមុតមាំលើដំណើរឈានឡើង កសាងជីវភាពសម្បូរសប្បាយ ស្ថេរភាព នៅលើតំបន់ភូមិស្រុកកំណើតរបស់ខ្លួន៕
Lam Khánh - Hoàng Vũ
