ក្នុងជីវិតជំនឿខាងវិញ្ញាណ ពុទ្ធសាសនិកជន Khmer គោរពយ៉ាងពិសេសខ្លាំងចំពោះព្រះម៉ែធរណី។ នៅតាមវត្តអារាម រូបសំណាកព្រះនាងបានឆ្លាក់នៅទីតាំងដ៏ឧត្តម ជាពិសេសគឺនៅក្នុងផ្ទាំងគំនូរពណ៌នាអំពីព្រះពុទ្ធទ្រង់ផ្ចាញ់មារ បង្កប់នូវទស្សនវិជ្ជាដ៏ជ្រាលជ្រៅអំពីកម្មផល និងការការពារពីព្រះម៉ែធរណី។

រូបសំណាកសម្តែងពីព្រះធរណីលេចព្រះកាយយ៉ាងស្រស់ស្អាត ទ្រង់ចាប់សក់វែងហើយច្របាច់យ៉ាងខ្លាំង បង្កើតបានជាខ្សែទឹកព្យុះសង្ឃរាបោកបក់កងទ័ពមារ ការ ពារព្រះពុទ្ធឱ្យបានសុខសាន្តក្នុងពេលត្រាស់ដឹង។
យោងតាមទេវកថាព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ព្រះធរណីគឺទាក់ទងយ៉ាងជិតដិតនឹងព្រឹត្តិការណ៍ព្រះសម្មាសម្ពុទ្ធទ្រង់គង់ចម្រើនព្រះកម្មដ្ឋានក្រោមដើមពោធិ៍។ នៅពេលដែលមារ នាំកងទ័ពយ៉ាងកុះករមកយាយី សាកល្បងបារមី ហើយទាមទារឱ្យព្រះពុទ្ធទ្រង់បង្ហាញនូវបុណ្យបារមីដែលសាងបាន ព្រះអង្គបានដាក់ព្រះហស្ថស្តាំប៉ះថ្នមៗទៅលើផែនដី។ ខណៈពេលនោះ ព្រះធរណីក៏បានលេចព្រះកាយយ៉ាងស្រស់ស្អាតផុសចេញពីក្នុងដី។ ព្រះនាងពុំបានកាន់អាវុធអ្វីឡើយ គឺទ្រង់ក្តាប់សក់ដ៏វែងរបស់ព្រះនាង រួចច្របាច់យ៉ាងខ្លាំង ក្លាយជាលំហូរទឹកហូរយ៉ាងសន្ធោសន្ធៅ។ នោះគឺទឹកដែលព្រះពុទ្ធទ្រង់ឧទ្ទិសកុសលក្នុងរាប់លានជាតិនៃការបំពេញបារមី និងសាងអំពើល្អ។ ទឹកព្យុះសង្ឃរានោះបានបក់គួចកងទ័ពមារឱ្យខ្ចាត់ខ្ចាយ ការពារព្រះអង្គឱ្យបានសុខសាន្តក្នុងខណៈពេលត្រាស់ដឹង។

រូបសំណាកព្រះនាងធរណីបានឆ្លាក់នៅទីតាំងដ៏ឧត្តម។
ក្នុងស្មារតីរបស់ប្រជាជន Khmer ព្រះធរណីគឺតំណាងឱ្យដីធ្លី ស្រែចម្ការ ដែលរំលឹកអំពីសីលធម៌ «ផឹកទឹកនឹកប្រភព» និងការឱ្យតម្លៃចំពោះធនធានធម្មជាតិដ៏មានតម្លៃដែលធម្មជាតិបានប្រោសប្រទានមក; ហើយជានិមិត្តរូបនៃភាពស្មោះត្រង់ និងមេត្តាករុណា ជាទេវធីតាជាសាក្សីនៃអំពើល្អ និងពាក្យបួងសួងដ៏ល្អប្រសើរ។ ហេតុដូច្នេះហើយ ទើបរាល់ពេលដែលបំពេញពិធីពុទ្ធភិសេក ឬច្រោះទឹកឧទ្ទិសកុសលដល់បុព្វការីជន ប្រជាជន Khmer មានជំនឿថា ព្រះធរណីនឹងកត់ត្រាទុកនូវទឹកចិត្តគោរពដ៏ស្មោះស។
សព្វថ្ងៃនេះ រូបសំណាកព្រះនាងធរណីបានឆ្លាក់យ៉ាងប្រណិតនៅតាមវត្តអារាម មិនត្រឹមតែមានតម្លៃនៃសោភ័ណភាពស្ថាបត្យកម្ម ក្នុងព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវទស្សនៈមនុស្សធម៌ក្នុងសាសនាផងដែរ។ ព្រះនាងធរណីជា ទីពឹងផ្លូវចិត្ត រំលឹកមនុស្សឱ្យរស់នៅប្រកបដោយសេចក្តីល្អ ដោយសទ្ធាជ្រះថ្លា ថា រាល់អំពើល្អទោះបីជាតូចយ៉ាងណាក៏ដោយ ក៏បានព្រះម៉ែធរណីជ្រាបដឹង និងការពារក្នុងដំណើរដំណើរសាងអំពើល្អរបស់ខ្លួន៕
Đờ Ni - Danh Điệp
