ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

សមាជិកក្រុមភ្លេងពណពាទ្យវត្តខ្វែងបបែលកណ្តាល (Cái Giá Giữa) ជួយបង្ហាត់បង្ហាញប្អូនៗអំពីបច្ចេកទេសក្នុងការប្រគំប្រភេទភ្លេងបុរាណពិណពាទ្យ។
នៅវត្តខ្វែងបបែលកណ្តាល (Cái Giá Giữa) ឃុំ Hưng Hội សំឡេងស្គរ ឧបករណ៍ភ្លេងខ្សែ និងឆៀងនៅតែបន្លឺឡើងជាប្រចាំ។
ដោយមានចំណាប់អារម្មណ៍ជាមួយចង្វាក់ភ្លេងបុរាណដែលបានប្រគំឡើងក្នុងឱកាសបុណ្យទានប្រពៃណី ប្អូន Bành Văn Nghĩa នៅភូមិ Cái Giá ឃុំ Hưng Hội បានរៀនភ្លេងពិណពាទ្យនៅវត្តអស់រយៈពេលប្រហែល ២ ឆ្នាំ។ សម្រាប់ប្អូន រាល់ពេលម៉ោងរៀនម្តងៗមិនត្រឹមតែជា ក្តីសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសដើម្បីយល់ និងកោតសរសើរពីលក្ខណៈដ៏ស្រស់ស្អាតនៃវប្បធម៌ជនជាតិខ្លួនឱ្យកាន់តែច្បាស់លាស់ថែមទៀតផង។ "ប្អូនកំពុងព្យាយាមរៀនដើម្បីឱ្យអាចចូលរួមប្រគំឧបករណ៍ភ្លេងរនាតឯកបានយ៉ាងស្ទាត់ជំនាញផងដែរ" Bành ចែករំលែក។
ជាអ្នកមានចំណាប់អារម្មណ៍ដូចគ្នាផងដែរ ប្អូន Thạch Minh Tuấn សមាជិកក្រុមភ្លេងពិណពាទ្យវត្តខ្វែងបបែលកណ្តាល (Cái Giá Giữa) រយៈពេល ២ ឆ្នាំមកហើយ ប្អូនតែងចូលវត្តជាប្រចាំដើម្បីរៀនវាយស្គរ។ រាល់ចង្វាក់ស្គរមួយៗនាពេលសព្វថ្ងៃនេះ គឺជាជំហានសម្រាប់ប្អូនបន្តយកនូវសូរសព្ទសំឡេងក្នុងពិធីបុណ្យទានប្រពៃណីរបស់ Khmer ផងដែរ។ ប្អូន Minh Tuấn បាននិយាយប្រាប់ថា៖ “ប្អូនសង្ឃឹមថាខ្លួននឹងបានចូលរួមសម្តែងនៅតាមវត្តអារាមរួមជាមួយសមាជិកក្រុមសម្រាប់ក្នុងបណ្តាពិធីបុណ្យទានប្រពៃណីរបស់ជនរួមជាតិ”។

ក្រុមភ្លេងពិណពាទ្យវត្តខ្វែងបបែលកណ្តាល (Cái Giá Giữa) ខិតខំបង្រៀនជូនជំនាន់ក្រោយដើម្បីស្នងបន្ត។
ចំណង់ចំណូលចិត្តរបស់សិស្សវ័យក្មេងទាំងនេះគឺជាលទ្ធផលនៃដំណើរដ៏ខ្ជាប់ខ្ជួននៃការ “បន្តពន្លឺ” របស់សិប្បករទាំងឡាយផងដែរ។ អស់រយៈពេលជាង ១០ ឆ្នាំកន្លង លោក Thạch Long ប្រធានក្រុមតន្ត្រីពិណពាទ្យវត្តខ្វែងបបែលកណ្តាល (Cái Giá Giữa) បានបង្រៀនយ៉ាងយកចិត្តទុកដាក់អំពីចង្វាក់ស្គរនីមួយៗ និងសំឡេងនីមួយៗនៃឧបករណ៍ភ្លេងប្រពៃណី ដោយសង្ឃឹមថាយុវជនជំនាន់ក្រោយនឹងបន្តថែរក្សាទម្រង់សិល្បៈប្រពៃណីនេះបានយ៉ាងល្អប្រសើរ។
លោក Thạch Long បានមានប្រសាសន៍ថា៖ “ដោយសារមានការឧបត្ថម្ភពីរដ្ឋ រដ្ឋអំណាចភូមិភាគ ព្រមទាំងគណៈកម្មការវត្ត ការបង្រៀនភ្លេងពិណទ្យត្រូវបានថែរក្សាអស់រយៈពេលជាង ១០ ឆ្នាំមកហើយ។ ក្រៅពីបង្រៀនខាងបច្ចេកទេសសម្រាប់ក្នុងការសម្តែង ខ្ញុំរួមជាមួយសិប្បករដទៃទៀតក៏បានខិតខំប្រឹងប្រែងបណ្តុះចំណង់ចំណូលចិត្ត ជួយប្អូនៗឱ្យកាន់តែបង្កើនក្តីស្រឡាញ់ និងការយល់ដឹងពីការថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិខ្លួន ដើម្បីកុំឱ្យតន្ត្រីពិណពាទ្យសាបរលាបបាត់ទៅ”។
តន្ត្រីពិណពាទ្យមិនត្រឹមតែមានវត្តមាននៅក្នុងបណ្តាពិធីបុណ្យ និងព្រឹត្តិការណ៍សំខាន់ៗរបស់បងប្អូនជនរួមជាតិ Khmer ប៉ុណ្ណោះទេ ថែមទាំងមានតួនាទីយ៉ាងសំខាន់ក្នុងជីវិតវប្បធម៌របស់សហគមន៍ផងដែរ។ នៅពេលដែលសិប្បករដែលមានការប្តេជ្ញាចិត្តបន្តជំនាញរបស់ខ្លួន ហើយយុវជនទទួលយកវាដោយរីករាយ លំហូរនៃតន្ត្រីប្រពៃណីនឹងត្រូវបានបន្តរហូតទៅដល់ជំនាន់ក្រោយៗទៀតផងដែរ៕
Kim Trúc
