រយៈពេលកន្លង ប៉ុស្តិ៍ការពារព្រំដែនលើភូមិសាស្រ្តខេត្តកាម៉ាវ បានសហការជាមួយរដ្ឋអំណាចភូមិភាគ និងអង្គការនានា បានអនុវត្តទម្រង់ "ប្តូរសំរាមយកអំណោយ" រួមចំណែក បង្កើនការយល់ដឹងអំពីបរិស្ថានក្នុងសហគមន៍។ ជាមួយនឹងវិធីសាស្រ្តជាក់ស្តែងរបស់ខ្លួន ទម្រង់នេះបានទាក់ទាញសមាជិកសម្ព័ន្ធយុវជន យុវជន និងប្រជាជនយ៉ាងច្រើនចូលរួម សន្សឹមៗបង្កើតទម្លាប់នៃការប្រមូល និងតម្រៀបសំរាមនៅនឹងកន្លែងទៀតផង។

ប្រជាជនយកសំរាមដែលអាចកែច្នៃឡើងវិញបានទៅកាន់ចំណុចប្រមូលដើម្បីប្តូរយកអំណោយ។
នៅប៉ុស្តិ៍ការពារព្រំដែនរ៉ាច់ហ្កុក ប្រជាជនយកដបប្លាស្ទិក កំប៉ុង ក្រដាសអេតចាយ និងសំរាមកែច្នៃផ្សេងទៀតទៅកាន់ចំណុចប្រមូលដើម្បីដូរយករបស់របរសំខាន់ៗដូចជាស្ករ ទឹកដោះគោ ប្រេងចម្អិនអាហារ និងទឹកត្រី។ សំរាមដែលប្រមូលបានក៏ត្រូវបានតម្រៀបនិងប្រមូលដើម្បីប្រព្រឹត្តិកម្មសំណល់សំរាមឱ្យបានសមស្រប រួមចំណែកកាត់បន្ថយបរិមាណសំរាមដែលបញ្ចេញទៅបរិស្ថាន និងកំណត់ការចោលសំរាមដោយមិនរើសអើងនៅក្នុងតំបន់លំនៅដ្ឋាន ទន្លេ ប្រឡាយទឹក និងតំបន់ឆ្នេរសមុទ្រ។
លើសពីនោះ កម្មាភិបាល យុទ្ធជនការពារប៉ុស្តិ៍ថែមទាំងបានផ្សព្វផ្សាយ និងជំរុញទឹកចិត្តប្រជាជនដោយផ្ទាល់ឱ្យតម្រៀបសំរាមនៅប្រភព កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផលិតផលប្លាស្ទិកប្រើត្រឹមតែម្តងគត់ និងរក្សាអនាម័យបរិស្ថានជុំវិញខ្លួន ព្រមទាំទស្សនីយភាពជាទូទៅ។
លោកស្រី ងោគីមឡេន លេខាសាខាសម្ព័ន្ធយុវជនភូមិរ៉ាច់ហ្កុក ឃុំផានង៉ុកហៀន ឱ្យដឹង៖ “តាមរយៈការដូរសំរាមយកគ្រឿងប្រើប្រាស់ប្រចាំថ្ងៃ ប្រជាជនក៏សន្សឹមៗយល់ច្បាស់ពីការប្រមូលសំរាម និងប្រព្រឹតិ្តកម្មសំណល់សំរាមបានល្អត្រឹមត្រូវ។ នេះក៏ជាមធ្យោបាយមួយដើម្បីផ្សព្វផ្សាយព័ត៌មានតាមរបៀបជិតស្និទ្ធផងដែរ ដោយជួយផ្តល់ជាសម្រាប់ការការពារបរិស្ថានចូលទៅក្នុងជីវភាពប្រចាំថ្ងៃ”។
ទម្រង់នេះ បានជួយឱ្យគោលនយោបាយរបស់បក្ស និងរដ្ឋស្តីពីការការពារបរិស្ថានកាន់តែច្បាស់លាស់ ដែលភ្ជាប់ទៅនឹងការអនុវត្តលក្ខណៈវិនិច្ឆ័យបរិស្ថានក្នុងការកសាងជនបទថ្មី។ នៅពេលដែលគ្រួសារនីមួយៗម្ចាស់ការប្រមូល និងតម្រៀបសំរាមយ៉ាងសកម្ម និងកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិចប្រើតែម្តង គុណភាពបរិស្ថាននៃតំបន់លំនៅដ្ឋានត្រូវបានកែលម្អបន្តិចម្តងៗ ព្រមទាំងកសាងលក្ខណៈរស់នៅស៊ីវិល័យ និងអភិវឌ្ឍប្រកបដោយចីរភាព។

អំណោយជាក់ស្តែង បានចែករំលែកការលំបាកជាមួយប្រជាជនដែលរស់នៅតាមតំបន់ឆ្នេរសមុទ្រ។
រួមជាមួយនឹងសកម្មភាពការពារបរិស្ថាន អង្គភាពនានាក៏បានចលនាសប្បុរសជន និងអ្នកឧបត្ថម្ភដើម្បីជំនួយគ្រឿងប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ សម្លៀកបំពាក់ និងសម្ភារៈសិក្សាសម្រាប់សិស្សានុសិស្សដែលជួបលំបាក។ អំណោយទាំងនេះបានជួយកាត់បន្ថយការលំបាកជូនប្រជាជននៅតាមតំបន់ឆ្នេរសមុទ្រ។ ទន្ទឹមនិងនោះក៏ពង្រឹងសាមគ្គី និងចំណងមិត្តភាពរវាងកងទ័ពការពារព្រំដែន និងប្រជាជនក្នុងតំបន់ផងដែរ។
អនុសេនីយ៍ឯក ង្វៀនថាញ់ឌូ ស្នងការនយោបាយរងនៃប៉ុស្តិ៍ការពារព្រំដែនរ៉ាចហ្កុក បានឱ្យដឹង៖ “នេះគឺជាសកម្មភាពជាក់ស្តែងមួយ ដែលបង្ហាញពីស្មារតីសកម្ម និងស្ម័គ្រចិត្តរបស់យុវជនក្នុងតំបន់ ព្រមទាំងការទទួលខុសត្រូវរបស់កម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែនក្នុងការការពារបរិស្ថាន និងកសាងតំបន់ព្រំដែនឆ្នេរសមុទ្រឱ្យកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុន។ ទន្ទឹមនិងនោះ កម្មវិធីក៏បានរួមចំណែកដល់ការឧបត្ថម្ភប្រជាជនក្រីក្រ រឹតបន្តឹងចំណងសាមគ្គីភាពរវាងកងទ័ព និងប្រជាជន ព្រមទាំងលើកកម្ពស់តួនាទីរបស់សហគមន៍ក្នុងការកសាងបរិស្ថានរស់នៅប្រកបដោយសុវត្ថិភាព សុខភាពល្អ និងចីរភាព”។
នៅពេលខាងមុខ ប៉ុស្តិ៍នការពារព្រំដែនរ៉ាចហ្កុកនឹងបន្តសហការជាមួយសម្ព័ន្ធយុវជន និងស្ថាប័ន ភ្នាក់ងារ និងអង្គការមហាជនក្នុងភូមិភាគដើម្បីរក្សា និងពង្រីកទម្រង់ “ប្តូរសំរាមយកអំណោយ” ដោយផ្តល់អាទិភាពដល់ការអនុវត្តនៅតំបន់លំនៅដ្ឋានឆ្នេរសមុទ្រ និងតំបន់ដែលមានហានិភ័យនៃការបំពុលបរិស្ថាន។ អង្គភាពនានានឹងពង្រឹងការចលនាអង្គការមហាជន បុគ្គល និងអាជីវកម្មនានា គាំទ្រថវិកានិងសម្ភារៈដើម្បីបន្តរក្សាសកម្មភាពនេះ បង្កើនការលើកទឹកចិត្តបន្ថែមទៀតសម្រាប់ប្រជាជនឱ្យចូលរួម៕
អត្ថបទនិងរូប៖ គីមគឿង - ហ្វាងវូ
