ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

កម្មាភិបាលរណសិរ្សមាតុភូមិ Việt Nam ឃុំ Gành Hào ចុះពិនិត្យអំពីជីវភាពគ្រួសារ និងណែនាំអ្នកមីង Nguyễn Thị Hào ឱ្យបានបុលប្រភពដើមទុនពីធនាគារគោលនយោបាយសង្គម ដើម្បីវិនិយោគ និងពង្រីកតូបលក់ដូររបស់ខ្លួន និងបង្កើតចំណូលបន្ថែម។
អ្នកមីង Nguyễn Thị hào អាយុ ៦៣ ឆ្នាំ ជាគ្រួសារប្រកៀកបន្ទាត់ក្រ រស់នៅជាមួយគ្រួសារកូនប្រុសនៅភូមិ Ngọc Điền។ កូនប្រុសគាត់ជាជាងសំណង់ ចំណែកកូនប្រសារស្រីជាអ្នកលាងចានស៊ីឈ្នួល ហើយខ្លួនគាត់ផ្ទាល់បានបើកតូបលក់ដូរឥវ៉ាន់តូចមួយនៅខាងមុខផ្ទះដើម្បីជួយកូនរកចំណូលបន្ថែម។
ផ្ទះចាស់របស់គ្រួសារស្ថិតនៅជិតមាត់សមុទ្រ មានសភាពទ្រុឌទ្រោម និងតែងត្រូវទឹកជះចូល ហើយលិចលង់នៅពេលមានទឹកជំនន់ម្តងៗ។ ជាមួយនឹងចំណូលដែលមិនទៀងទាត់ ការជួសជុល ឬសាងសង់ផ្ទះឱ្យបានរឹងមាំដូចគេឯង គឺជាប្រការដែលគ្រួសារមិនអាចដោះស្រាយដោយខ្លួនឯងបាន។
ដល់ចុងខែមិថុនា គ្រួសារគាត់ត្រូវបានគេប្រកាសថានឹងទទួលបានជំនួយសាងសង់ផ្ទះមហាសាមគ្គី។ ជាមួយនឹងជំនួយពីរដ្ឋអំណាចភូមិភាគ និងការចូលរួមពីសាច់ញាតិ ក្នុងរយៈពេលតែជាង ១ ខែប៉ុណ្ណោះ ផ្ទះថ្មីមួយខ្នងក៏ត្រូវបានសង់សម្រេចជាស្ថាពរ ជួយឱ្យគ្រួសារមានកន្លែងរស់នៅសមរម្យ និងមានសុវត្ថិភាពជាងមុនផងដែរ។ មិនត្រឹមតែឧបត្ថម្ភផ្ទះសម្បែងប៉ុណ្ណោះទេ កម្មាភិបាលរណសិរ្សឃុំ និងរដ្ឋអំណាចភូមិភាគថែមទាំងណែនាំអ្នកមីង Hào ឱ្យចូលប្រើប្រាស់ប្រភពដើមទុនកម្ចីដែលមានអត្រាការប្រាក់ទាបពីធនាគារគោលនយោបាយសង្គមទៀតផងផង ដើម្បីយកទៅវិនិយោគ និងពង្រីកតូបលក់ដូររបស់ខ្លួន។
អ្នកមីង Nguyễn Thị Hào បានចែករំលែកថា៖ «ដោយទទួលបានជំនួយពីរដ្ឋក្នុងការសាងសង់ផ្ទះដ៏រឹងមាំបែបនេះ ខ្ញុំមានសេចក្តីត្រេកអរ និងមានអារម្មណ៍កក់ក្តៅជាខ្លាំងសម្រាប់ក្នុងការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត។ ផ្តើមពីការណែនាំរបស់កម្មាភិបាលរណសិរ្ស ខ្ញុំបានពិភាក្សាជាមួយកូនៗរបស់ខ្លួនថា នឹងខ្ចីដើមទុនដើម្បីទិញទំនិញបន្ថែមមកលក់ បង្កើតចំណូលបន្ថែម ដើម្បីឱ្យជីវភាពមានស្ថិរភាពជាបណ្តើរៗ»។
ជាភូមិភាគស្ថិតនៅតំបន់ជាប់មាត់សមុទ្រ ជីវភាពរបស់ប្រជាជនមួយផ្នែកនៅឃុំ Gành Hào នៅតែមានការលំបាកជាច្រើន ដោយសារមុខរបរមិនទាន់មានស្ថិរភាព និងគ្មានដីផលិត ធ្វើជាអ្នកនេសាទ ប្រកបរបរស៊ីឈ្នួល។ល។ តាមរយៈការពិនិត្យឡើងវិញ ឃុំទាំងមូលមាន ៤៥ គ្រួសារក្រីក្រ និង ២៤១ គ្រួសារប្រកៀកបន្ទាត់ក្រ តាមបទដ្ឋានថ្មី។ ក្នុងនោះ គ្រួសារជាច្រើននៅតែមានការលំបាកផ្នែកខាងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។
លោក Nguyễn Việt Khái ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Gành Hào បានឱ្យដឹងថា៖ នៅពេលខាងមុខ រណសិរ្ស និងបណ្តាអង្គការមហាជន នឹងបន្តធ្វើជាសេនាធិការដល់គណៈកម្មាធិការបក្ស ដើម្បីអនុវត្តកម្មវិធីជំនួយឧបត្ថម្ភដែលសមស្របទៅនឹងស្ថានភាពនីមួយៗ។

កម្មាភិបាលរណសិរ្សមាតុភូមិ Việt Nam ឃុំ Gành Hào ចុះពិនិត្យជីវភាព និងតម្រូវការឧបត្ថម្ភជីវភាពរស់នៅរបស់គ្រួសារដែលមានស្ថានភាពលំបាក។
យោងតាមនោះ គ្រួសារដែលមានការលំបាកផ្នែកខាងផ្ទះសម្បែង នឹងត្រូវបានគេពិចារណាឧបត្ថម្ភក្នុងការសាងសង់ថ្មី ឬក៏កែជួសជុលផ្ទះឡើងវិញ គ្រួសារដែលខ្វះមធ្យោបាយចិញ្ចឹមជីវិត នឹងត្រូវបានណែនាំការងារ ឧបត្ថម្ភដើមទុន ឬវិធីសាស្ត្រក្នុងការផលិត។ ចំពោះគ្រួសារដែលមានដីផលិត រណសិរ្ស នឹងបំផុសចលនាឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ការងារពិនិត្យឡើងវិញ និងការជ្រើសរើសមុខសញ្ញា នឹងត្រូវបានធ្វើឡើងជាចំហ ដើម្បីកាត់បន្ថយការខកខានមុខសញ្ញា និងជៀសវាងការឧបត្ថម្ភតម្រួតលើគ្នា។
ផ្តើមពីផ្ទះមហាសាមគ្គីដែលត្រូវបានប្រគល់ជូនតាមមុខសញ្ញាត្រឹមត្រូវ ដល់ដំណោះស្រាយឧបត្ថម្ភមធ្យោបាយចិញ្ចឹមជីវិតដែលសមស្រប គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Gành Hào ក៏បានជួយគ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រ កាត់បន្ថយការលំបាកជាជំហានៗ។ នៅពេលមានកន្លែងរស់នៅសមរម្យ និងមានមធ្យោបាយចិញ្ចឹមជីវិត និងការងារ ប្រជាជន នឹងមានលក្ខណៈដើម្បីឈានឡើង លើកកម្ពស់ជីវភាពជាបណ្តើរៗ រួមចំណែកក្នុងការអនុវត្តការងារសន្តិសុខសង្គមនៅភូមិភាគឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ៕
Tú Quyên - Trường Giang
