ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

ប៉ុស្តិ៍ការពារព្រំដែន Gành Hào និងសមាគមនារីឃុំ Gành Hào អញ្ជើញចុះសួរសុខទុក្ខ លើកទឹកចិត្តបណ្ដាគ្រួសារស្ត្រី និងកុមារមានស្ថានភាពលំបាក។
ថ្មីៗនេះ ប៉ុស្តិ៍ការពារព្រំដែន Gành Hào បានសហការជាមួយសមាគមសហព័ន្ធនារីឃុំ Gành Hào អញ្ជើញចុះទៅសួរសុខទុក្ខ លើកទឹកចិត្ត និងប្រគល់អំណោយចំនួន ៥ ចំណែក (មួយចំណែកៗមានតម្លៃស្មើនឹងទឹកប្រាក់ ៥០០ ពាន់ដុង) ព្រមទាំងសៀវភៅសរសេរ ១០០ ក្បាល ជូនដល់បណ្ដាគ្រួសារស្ត្រី និងសិស្សានុសិស្សដែលមានស្ថានភាពលំបាកនៅភូមិលេខ ១ ភូមិលេខ ២ និងភូមិ Ngọc Điền។
គ្រួសារនីមួយៗសុទ្ធតែមានស្ថានភាពរៀងៗខ្លួន៖ គ្មានការងារធ្វើនឹងនរ អ្នកខ្លះកើតមានជំងឺឈឺថ្កាត់ជាប្រចាំ ចំណូលពឹងផ្អែកជាចម្បងលើការស៊ីឈ្នួល។ល។ ចំណុចរួមរវាងពួកគេ គឺជីវភាពរស់នៅនៅតែជួបការខ្វះខាតច្រើន។
លោកស្រី Lê Như Yến នៅភូមិ Ngọc Điền បានរៀបរាប់ថា៖ «ប្ដីខ្ញុំគ្មានការងារធ្វើនឹងនរនោះទេ ចំណែក ខ្ញុំផ្ទាល់តែងកើតមានជំងឺឈឺថ្កាត់ជាប្រចាំ ក្នុងខណៈគ្រួសារកំពុងចិញ្ចឹមកូនតូច ២ នាក់ផងដែរ។ ទទួលបានការសួរសុខទុក្ខ លើកទឹកចិត្តជាប្រចាំពីសំណាក់បណ្ដាពូៗកងទ័ពការពារព្រំដែន និងបងប្អូនស្ត្រីនៃសមាគមនារី គ្រួសារខ្ញុំរំភើបចិត្តខ្លាំងណាស់។ អំណោយទោះបីមិនធំដុំពិតមែន ប៉ុន្តែបានជួយគ្រួសារខ្ញុំសម្រាលការលំបាកបានមួយចំណែកផងដែរ»។

ប៉ុស្តិ៍ការពារព្រំដែន Gành Hào និងសមាគមនារីឃុំ Gành Hào ប្រគល់អំណោយឧបត្ថម្ភដល់អ្នកមីង Lê Như Yến។
វរសេនីយ៍ត្រី Nguyễn Minh Thương ស្នងការនយោបាយរងនៃប៉ុស្តិ៍ការពារព្រំដែន Gành Hào បានឱ្យដឹងថា៖ «អង្គភាពតែងសហការជាប្រចាំជាមួយភូមិភាគដើម្បីក្តាប់ស្ថានភាពជីវភាពរបស់ប្រជាជន ជាពិសេសគឺគ្រួសារមានស្ថានភាពលំបាក ដើម្បីជួយឧបត្ថម្ភសមស្រប ជួយឱ្យប្អូនៗកុមារមានលក្ខណៈបន្ថែមទៀតក្នុងការបន្តទៅសាលា»។
លោកស្រី Huỳnh Hồng Sa ប្រធានសមាគមសហព័ន្ធនារីឃុំ Gành Hào បានចែករំលែកថា៖ «រាល់ពេលចុះទៅសួរសុខទុក្ខបណ្ដាគ្រួសារ បានស្តាប់បងប្អូនប្រជាពលរដ្ឋសំណេះសំណាលអំពីជីវភាព ទើបកាន់តែឃើញច្បាស់នូវការលំបាកដែលពួកគាត់ជួបប្រទះ។ អាស្រ័យហេតុនោះ សមាគមបានសហការយ៉ាងជិតស្និទ្ធជាមួយបណ្ដាអង្គភាព អនុវត្តសកម្មភាពជាក់ស្តែងជាច្រើន ជួយឧបត្ថម្ភស្ត្រី កុមារ និងគ្រួសារដែលនៅជួបការលំបាកលើភូមិសាស្ត្រ»។
វរសេនីយ៍ឯក Phạm Minh Giang ស្នងការនយោបាយកងទ័ពការពារព្រំដែនខេត្ត Cà Mau បានឱ្យដឹងថា៖ «ជារៀងរាល់ឆ្នាំ ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី គណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត និងបណ្ដាអង្គភាពបានបំផុសចលនាអាជីវកម្ម សប្បុរសជន កម្មាភិបាល យុទ្ធជនរួមចំណែក ដើម្បីៀផ្តល់អាហារូបករណ៍ ជូនអំណោយ ឧបត្ថម្ភដល់សិស្សានុសិស្សដែលមានស្ថានភាពជួបលំបាកនៅតំបន់ព្រំដែនសមុទ្រ។ តាមរយៈនោះ ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមក្នុងការទៅសាលារៀន កក់ក្តៅចិត្តរៀនសូត្រ និងឈានឡើងក្នុងជីវិត។ ទន្ទឹមនឹងនោះ បង្ហាញពីការទទួលខុសត្រូវរបស់យុទ្ធជនការពារព្រំដែនក្នុងការងារចលនាមហាជន គិតគូរដល់វិស័យសិក្សាអប់រំ និងកសាងតំបន់ព្រំដែនសមុទ្រឱ្យកាន់តែរឹងមាំ»៕

ប៉ុស្តិ៍ការពារព្រំដែនហ្កា Gành Hào និងសមាគមនារីឃុំ Gành Hào ប្រគល់អំណោយដល់គ្រួសារអ្នកមីង Nguyễn Thị Anh នៅភូមិលេខ ២ ឃុំ Gành Hào។
ប្រអប់ ៖
ដើមឆ្នាំសិក្សាថ្មី គណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត និងមេបញ្ជាការបណ្ដាប៉ុស្តិ៍ កងនាវាការពារព្រំដែន បានទទួលជួយឧបត្ថម្ភ ទំនុកបម្រុងដល់សិស្សានុសិស្សនៅ ៣៣ ចំណុចសាលាលើតំបន់ព្រំដែននៃខេត្ត។ បណ្ដាអង្គភាពបានប្រគល់អំណោយ ២៧០ ចំណែក កង់ ២៥ គ្រឿង សៀវភៅសរសេរជាង ១០ ពាន់ក្បាល កាតាប ២០ គ្រឿង សម្លៀកបំពាក់ឯកសណ្ឋាន ២០ កំប្លេ ព្រមទាំងចំណែកអំណោយជាក់ស្តែងជាច្រើនទៀតជូនដល់សិស្សានុសិស្សដែលមានស្ថានភាពលំបាក ដោយតម្លៃទឹកប្រាក់សរុបជាង ៤៥០ លានដុង៕
Kim Cương - Hoàng Tá
