ដោយភាពឧស្សាហ៍ព្យាយាម អត់ធ្មត់ និងស្មារតីសង្វាតរៀនសូត្រ លោក Danh Sil នៅភូមិ Ninh Thạnh Tây ឃុំ Ninh Thạnh Lợi ក៏មានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារជាសន្សឹមៗ ពីទម្រង់ចិញ្ចឹមសត្វចម្រុះ។ ជាមួយសត្វប្រមាជាង ២០០ ក្បាល ជ្រូកមេ ៧ ក្បាល និងទម្រង់ចិញ្ចឹមចាន់ល្មម គ្រួសារលោកមានចំណូលជាង ៣០០ លានដុងក្នុងមួយឆ្នាំៗផងដែរ។ មិនត្រឹមតែយកចិត្តទុកដាក់អភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ លោកថែមទាំងចិញ្ចឹមបីបាច់កូន ២ នាក់ឱ្យធំដឹងក្តី មានការងារធ្វើនឹងនរ សាងជីវភាពគ្រួសារធូរធារ សុភមង្គល។
បច្ចុប្បន្ន គ្រួសារលោក Danh Sil ចិញ្ចឹមសត្វប្រមាពូជ និងលក់សាច់ប្រមាណជាង ២០០ ក្បាល។
ផ្តើមចេញពីបំណងចង់កែលម្អជីវភាព លើកកម្ពស់ប្រាក់ចំណូលសម្រាប់គ្រួសារ លោក Danh Sil តែងសកម្មសិក្សាស្រាវជ្រាវ ដកស្រង់បទពិសោធន៍ និងជ្រើសរើសពូជសត្វចិញ្ចឹមដែលសមស្របនឹងលក្ខណៈជាក់ស្តែង។ ដោយគិតថា ត្រូវតែអត់ធ្មត់ពលកម្ម ម្ចាស់ការស្វែងរកទិសដៅផលិតថ្មីដើម្បីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច លោកបានក្លាហានអភិវឌ្ឍទម្រង់ចិញ្ចឹមសត្វរួមផ្សំជាច្រើនមុខ បង្កើតប្រភពចំណូលលំនឹងជាបណ្តើរៗទៀតផង។
ការរួមផ្សំសត្វចិញ្ចឹមជាច្រើនប្រភេទ ក៏បានជួយឱ្យគ្រួសារធ្វើពិពិធកម្មសកម្មភាពផលិត ទាញយកផលប្រយោជន៍ពីលក្ខណៈដែលមានស្រាប់ និងបង្កើតឱកាសបន្ថែមសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច។ ក្នុងដំណើរការចិញ្ចឹម លោកតែងយកចិត្តទុកដាក់ថែទាំ តាមដានការធំធាត់របស់សត្វចិញ្ចឹម សន្សំបទពិសោធន៍ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការផលិត។
អាស្រ័យដោយភាពឧស្សាហ៍ព្យាយាម អត់ធ្មត់ និងខ្ជាប់ខ្ជួនក្នុងពលកម្ម បណ្តាទម្រង់ចិញ្ចឹមសត្វក៏បាននាំមកជូនគ្រួសារលោកនូវប្រភពចំណូលប្រកបដោយស្ថិរភាព។ លទ្ធផលនេះបង្ហាញឱ្យឃើញពីស្មារតីម្ចាស់ការ ឆន្ទៈឈានឡើង និងការប្តេជ្ញាចិត្តអភិវឌ្ឍសេដ្ឋកិច្ចដោយកម្លាំងពលកម្មផ្ទាល់ខ្លួនរបស់កសិករ។
លោក Nguyễn Thanh Phận អនុប្រធានការិយាល័យផ្នែកសេដ្ឋកិច្ចឃុំ Ninh Thạnh Lợi ចាត់ទុកថា នេះគឺជាទិសដៅអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារគួរឱ្យកត់សម្គាល់។ ការរួមផ្សំចិញ្ចឹមសត្វប្រមា ជ្រូកមេ និងពស់ចាន់ល្មម បានរួមចំណែកធ្វើពិពិធកម្មសត្វចិញ្ចឹម លើកកម្ពស់ប្រាក់ចំណូល។ ស្មារតីឧស្សាហ៍ព្យាយាម អត់ធ្មត់ ក្លាហានស្វែងរកទិសដៅផលិតរបស់លោក Danh Sil គឺជាបទពិសោធន៍ដ៏ល្អសម្រាប់បងប្អូនកសិករនៅភូមិភាគពិគ្រោះ ស្វែងយល់ និងរៀនសូត្រតាម ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។
ប្តីប្រពន្ធលោក Sil ចិញ្ចឹមជ្រូកមេអស់រយៈជាង ១០ ឆ្នាំមកនេះ បង្កើតបានប្រភពចំណូលលំនឹងដើម្បីចិញ្ចឹមកូនៗរៀនសូត្រឱ្យមានចំណេះដឹងជ្រៅជ្រះ។
មិនត្រឹមតែយកចិត្តទុកដាក់លើការពលកម្មផលិតប៉ុណ្ណោះទេ លោក Danh Sil ថែមទាំងបានលះបង់កម្លាំងកាយចិត្តជាច្រើនដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ជាពិសេសគឺការរៀនសូត្រ និងការធំដឹងក្តីរបស់កូនៗ។ សេចក្តីសប្បាយរីករាយដ៏ធំធេងរបស់ប្តីប្រពន្ធលោក គឺកូនទាំង ២ នាក់សុទ្ធតែបានធំដឹងក្តី និងមានការងារធ្វើនឹងនេល្អទៀតផង។ បច្ចុប្បន្ន ម្នាក់ជាគ្រូបង្រៀន ហើយម្នាក់ទៀតបម្រើការងារក្នុងជួរកម្លាំងនគរបាលផងដែរ។ នេះជាសមិទ្ធផលគួរជាទីមោទនៈ ក្រោយពីដំណើរការចិញ្ចឹមបីបាច់ ថែទាំ និងតម្រង់ទិសដល់កូនៗ។ ភាពជោគជ័យរបស់កូនៗ គឺជាប្រភពលើកទឹកចិត្តដើម្បីឱ្យលោកបន្តការងារពលកម្ម អភិវឌ្ឍផលិត សាងជីវភាពគ្រួសារឱ្យកាន់តែសម្បូរសប្បាយថែមទៀត។
ជាមួយនឹងការខិតខំប្រឹងប្រែងពលកម្មផលិត និងសាងជីវភាពគ្រួសារ លោក Danh Sil គឺជាកសិករឧស្សាហ៍ព្យាយាម អត់ធ្មត់ម្នាក់ ចេះឈានឡើងធ្វើមានដោយសុចរិត រួមចំណែកកសាងមាតុភូមិ Ninh Thạnh Lợi ឱ្យកាន់តែរីកចម្រើនប្រសើរឡើង៕
Loan Phương
