ពេលថ្មីៗនេះ មហាសន្និបាតតំណាងពុទ្ធសាសនាទូទាំងប្រទេសលើកទី១០ អាណត្តិ ២០២៦-២០៣១ ក្រោមប្រធានបទ៖ «វិន័យ - ផ្លាស់ថ្មី - សុពលភាព - ប្រសិទ្ធភាព» បានប្រារព្ធឡើងនៅបណ្ឌិតសភាពុទ្ធសាសនាវៀតណាម ទីក្រុង ហូជីមិញ។ សមមិត្ត ត្រឹនថាញ់ម៉ឹន សមាជិកការិយាល័យនយោបាយ និងជាប្រធានរដ្ឋសភា បានអញ្ជើញចូលរួម និងថ្លែងមតិអបអរសាទរមហាសន្និបាត។ ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរណសិរ្សមហាជនវៀតណាម បានផ្ញើកម្រងផ្កាអបអរសាទរមហាសន្និបាតផងដែរ។

ប្រធានរដ្ឋសភា ត្រឹនថាញម៉ឹន ជូនពរមហាសន្និបាត
ក្នុងអាណត្តិមុន សមាគមពុទ្ធសាសនាវៀតណាម មានកិច្ចប្រឹងប្រែងជាច្រើន និងបានអនុវត្តដោយជោគជ័យនូវគោលដៅ និងផែនការដែលបានកំណត់។ សកម្មភាពសាសនាមានភាពនឹងនរ គោរពតាមមាគ៌ា គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ។ ម្ចាស់ការ និងមានភាពបត់បែនក្នុងការរៀបចំរចនាសម្ព័ន្ធអង្គការសាសនាឱ្យស្របតាមទម្រង់រដ្ឋបាលមូលដ្ឋាន ២ កម្រិត។ ពុទ្ធសាសនាវៀតណាមរួមជាមួយព្រះសង្ឃ និងដូនជី បានឆ្លើយតប និងចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិដូចជា៖ កសាងជនបទថ្មី ក្រុងអរិយធម៌ បង្ការទប់ស្កាត់គ្រឿងញៀន និងបទល្មើស ធានាសន្តិសុខសណ្តាប់ធ្នាប់ ការពារបរិស្ថាន ឆ្លើយតបនឹងគ្រោះធម្មជាតិ ជំងឺរាតត្បាត។ ចូលរួមយ៉ាងសកម្មក្នុងសកម្មភាព៖ សុខាភិបាល អប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ជំនួយសង្គម សន្តិសុខសង្គម មនុស្សធម៌ និងសប្បុរសធម៌។ល។
ចំពោះអាណត្តិ ២០២៦-២០៣១ សមាគមពុទ្ធសាសនាវៀតណាមបានកំណត់គោលដៅកសាងអង្គការសាសនាឱ្យមានភាពសាមគ្គី ស្រុះស្រួលគ្នា វិន័យ ផ្លាស់ថ្មី និងអភិវឌ្ឍន៍ចីរភាព ដោយយកចិត្តទុកដាក់ជាបឋមលើការបន្តពង្រឹងរចនាសម្ព័ន្ធអង្គការ ពង្រឹងក្រឹត្យក្រម រក្សាព្រះវិន័យ និងសីលធម៌។ លើកកម្ពស់សុពលភាព ប្រសិទ្ធភាពការគ្រប់គ្រងអង្គការសាសនា និងទំនួលខុសត្រូវរបស់អ្នកដឹកនាំ។ សមាគមពុទ្ធសាសនាវៀតណាមបន្ត ផ្លាស់ថ្មី វិធីសាស្ត្រផ្សព្វផ្សាយព្រះធម៌ នាំយកតម្លៃមេត្តា បញ្ញា និងការភ្ញាក់រលឹកនៃព្រះពុទ្ធសាសនាចូលទៅក្នុងជីវភាពរស់នៅ។ យកចិត្តទុកដាក់អប់រំសីលធម៌ ថែទាំជីវភាពស្មារតី កសាងគ្រួសារមានសុភមង្គល និងសហគមន៍មេត្តាករុណា។ អភរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ពុទ្ធសាសនាវៀតណាម។ល។
អញ្ជើញថ្លែងមតិអបអរសាទរ តំណាងថ្នាក់ដឹកនាំបក្ស រដ្ឋ និងរណសិរ្សមហាជនវៀតណាម ប្រធានរដ្ឋសភា លោក ត្រាន់ថាញ់ម៉ឹន បានអបអរសាទរ កត់ត្រា និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលល្អប្រសើរ និងការរួមចំណែកដ៏សំខាន់របស់ពុទ្ធសាសនាវៀតណាម និងព្រះសង្ឃ ឧបាសក ឧបាសិកា ទូទាំងប្រទេសក្នុងអាណត្តិកន្លងទៅ។
ប្រធានរដ្ឋសភាអះអាងថា ក្នុងរយៈពេលកន្លងមក បក្ស និងរដ្ឋយើងតែងយកចិត្តទុកដាក់ និងដាក់ចេញនូវគោលនយោបាយ និងច្បាប់ជាច្រើន ដើម្បីធានាសិទ្ធិសេរីភាពខាងជំនឿ និងសាសនារបស់ប្រជាជន។ ប្រធានរដ្ឋសភាបានសម្តែងនូវក្តីប្រាថ្នាថា អ្នកមុខអ្នកការ និងជនរួមជាតិកាន់សាសនា បន្តលើកកម្ពស់ស្មារតីសាមគ្គី រួមចិត្តរួមកម្លាំង រួមជាមួយប្រទេសជាតិ ត្រៀមតស៊ូមានប្រសិទ្ធភាពដើម្បីធ្វើឱ្យបរាជ័យរាល់ឧបាយកលដែលឆ្លៀតប្រើបញ្ហាសាសនា ដើម្បីបំបែកបំបាក់ផែនមហាសាមគ្គីជនជាតិ។ ប្តេជ្ញាចិត្តកសាងប្រទេសវៀតណាមឱ្យអភិវឌ្ឍន៍ឆាប់រហ័ស និងចីរភាព ឈានចូលក្នុងយុគសម័យថ្មីប្រកបដោយភាពស្តុកស្តម្ភ វឌ្ឍនភាព អរិយធម៌ និងសុភមង្គល។
ក្នុងមហាសន្និបាត តំណាងថ្នាក់ដឹកនាំបក្ស និងរដ្ឋ ប្រធានរដ្ឋសភា លោក ត្រាន់ថាញ់ម៉ឹន បានប្រគេនគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី១ ដល់សមាគមពុទ្ធសាសនាវៀតណាម និងប្រគេនគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី១ ទី២ និងទី៣ ដល់ សមូហភាព និងបុគ្គលឋិតក្នុងសមាគមពុទ្ធសាសនាវៀតណាម។
មហាសន្និបាតបានសម្រេចលើកបន្តវេន និងជ្រើសតាំងក្រុមប្រឹក្សាអភិបាលដែលមានសមាជិកផ្លូវការ ២៣៥អង្គ និងសមាជិកបម្រុង ៤០អង្គ។ ព្រះឧបជ្ឈាយ៍ ធិចធៀនញ៉ឺន បន្តកាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមពុទ្ធសាសនាវៀតណាម អាណត្តិ ២០២៦-២០៣១។ ក្នុងចំណោមសមាជិកផ្លូវការ ២៣៥ អង្គ ខេត្តកាម៉ាវ មាន ៣ អង្គ រួមមាន៖ ព្រះតេជគុណ ធិចយ៉ាកងី ផានទីនហ្វី ព្រះឧបជ្ឈាយ៍ វុឌ្ឍាបច្ចយកោ តាំងសាវង្ស និងដូនជី ធិចនឺយ៉ីវចាន់ ត្រឹនង៉ុកមិញ។
មហាសន្និបាត ក៏បានសម្រេចបំពេញបន្ថែមព្រះឧបជ្ឈាយ៍ ២៣ អង្គ ចូលក្នុងក្រុមប្រឹក្សា បញ្ញត្តិ បង្កើនចំនួនសរុបឡើងដល់ ១១៤ អង្គ។ ក្នុងនោះ ខេត្តកាម៉ាវមាន ២ អង្គ គឺ៖ ព្រះឧបជ្ឈាយ៍មទុបត្ថេរ លីសាមុត និងព្រះឧបជ្ឈាយ៍ សធម្មត្ថេរ ហ៊ឺវហិញ៕
អត្ថបទ៖ ថាយថាញ់
